គោលបំណងរបស់សេវាព័ត៌មានទីផ្សារកសិកម្ម គឺដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់ ក្នុងវិស័យកសិកម្ម ដើម្បីទទួលយក ប្រមូលផ្តុំ វិភាគ និងប្រើប្រាស់ព័ត៌មាន ដើម្បីឆ្លើយតបបានកាន់តែប្រសើរទៅនឹងតម្រូវការទីផ្សារ។
ការិយាល័យទីផ្សារកសិកម្ម មានគោលបំណងបង្កើតនូវ សេវាព័ត៌មានកសិកម្មមួយ ដែលផ្តល់ព័ត៌មានទីផ្សារ និងសេចក្តីសន្និដ្ឋានត្រឹមត្រូវ ទាន់ពេល និងជាប់ជាប្រចាំ ទៅដល់ស្ថាប័នដែលពាក់ព័ន្ធទាំងអស់។ ការងារនេះ សំដៅជួយដល់ស្ថាប័នដែលពាក់ព័ន្ធ មានលទ្ធភាពទាញយកផលចំណេញបានច្រើនជាងមុន ពីអាជីវកម្មដែលពួកគាត់ពាក់ព័ន្ធ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៌សេដ្ឋកិច្ច និងចូលរួមកាត់បន្ថយភាពក្រីក្រ។
សេវាព័ត៌មានទីផ្សារកសិកម្មមាន ២ ផ្នែក សំខាន់ៗ៖ ផ្នែកព័ត៌មានទីផ្សារកសិកម្ម និង ផ្នែកអភិវឌ្ឍន៍ទីផ្សារកសិកម្ម។
មន្រ្តីទីផ្សារកសិកម្មនៅទីក្រុងភ្នំពេញ និងនៅតាមរាជធានី-ខេត្តចំនួន ១៣ ផ្សេងទៀត ប្រមូលព័ត៌មានតម្លៃលក់ដុំនៃកសិផល ចំនួន ៣ដង ក្នុង១សប្តាហ៍ និងព័ត៌មានតម្លៃលក់រាយ ចំនួន១ដង ក្នុង១សប្តាហ៍ពីផ្សារចំនួន ២២ ធំៗ និងចំនុចប្រមូលផ្សេងៗទៀត នៅក្នុងរាជធានី-ខេត្តគោលដៅចំនួន ១៤។ ព័ត៌មានតម្លៃនេះត្រូវបានផ្សាយជាប្រចាំថ្ងៃ តាមរយៈស្ថានីយ៍វិទ្យុ FM និង AM តាមតំបន់ តាមរយៈគេហទំព័រ ព្រឹត្តិប័ត្រព័ត៌មាននិងតាមរយៈសារជាអក្សរតាមទូរស័ព្ទ។ របាយការណ៍ដែលមានសេចក្តីពិស្តារ អំពីព័ត៌មានតម្លៃត្រូវបានបង្កើតឡើង និងចែកជូន ទៅតាមក្រសួងផ្សេងៗ ព្រមទាំងស្ថាប័នពាក់ព័ន្ធដើម្បីជួយដល់ការធ្វើគម្រោង និងការបង្កើតគោលនយោបាយ។
នៅឆ្នាំ ២០០៩ ផ្នែកព័ត៌មានទីផ្សារត្រូវបានពង្រីកបន្ថែមទៀតដោយការណែនាំ នូវប្រព័ន្ធព័ត៌មានទីផ្សារ ដែលផ្អែកលើសារជាអក្សរតាមទូរស័ព្ទ។ ប្រព័ន្ធសារជាអក្សរតាមទូរស័ព្ទនេះ អាចជួយដល់ផលិតករ និងពាណិជ្ជករកសិកម្ម ដោយផ្តល់ឲ្យពួកគាត់ នូវការប្រើប្រាស់ព័ត៌មានតម្លៃទីផ្សារ ដែលចាំបាច់ សម្រាប់ជំរុញការលក់ផលិតផលរបស់ពួកគាត់។
នៅចុងឆ្នាំ ២០០៧ សេវាព័ត៌មានទីផ្សារកសិកម្ម ត្រូវបានពង្រីកបន្ថែម ដោយការណែនាំនូវ សាលាទីផ្សារកសិករ។ សាលានេះត្រូវបានបង្កើតឡើង ដើម្បីជួយដល់ផលិតករ បន្លែផ្លែឈើ ក្នុងការផលិត ការចាត់ចំណាត់ថ្នាក់ និងជំរុញការលក់ផលិតផលរបស់ពួកគាត់។ ការងារនេះត្រូវបានធ្វើឡើងដោយមានការពាក់ព័ន្ធ របស់ពាណិជ្ជករបន្លែផ្លែឈើលក់ដុំ ដើម្បីផ្សារភា្ជប់ពួកគាត់ ទៅនឹងផលិតករ អោយប្រសើរឡើង ដើម្បីប្រើប្រាស់ចំណេះដឹងផ្នែកទីផ្សាររបស់ពាណិជ្ជករឲ្យកាន់តែមានប្រយោជន៍។
មន្រ្តីការិយាល័យទីផ្សារកសិកម្ម នៅតាមខេត្ត ត្រូវបានបណ្តុះបណ្តាលជាគ្រូបង្គោល ដើម្បីផ្តល់នូវវគ្គបណ្តុះបណ្តាលរបស់សាលាទីផ្សារកសិករ។ សាលានីមួយៗមានកសិករ ចំនួនពី ២២ ទៅ ២៦នាក់ ត្រូវបានបណ្តុះបណ្តាលអំពីបច្ចេកទេស មុន និងក្រោយប្រមូលផល ចំណាយថ្លៃដើម ផលិតកម្ម ការធ្វើចំណាត់ថ្នាក់ ការវេចខ្ចប់ ការរក្សាទុក និងការជំរុញការលក់។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៤ថ្ងៃ ដែលត្រូវប្រើពេលពី ១ ទៅ ២ សប្តាហ៍ ចំណែកឯកសិករ ដែលចូលរួមវគ្គបណ្តុះបណ្តាលនេះត្រូវបានជ្រើសរើសដោយក្រុមការងារការិយាល័យទីផ្សារកសិកម្ម។ វគ្គបណ្តុះបណ្តាលនេះក៏ត្រូវបានប្រើប្រាស់សម្រាប់អង្គការមិនមែនរដ្ឋាភិបាលផងដែរ។
ឧទាហរណ៍ CARE International និង ADDA ក៏ធ្លាប់បានទទួលវគ្គបណ្តុះបណ្តាលនេះ ពីសាលាទីផ្សារកសិករផងដែរ។
ព័ត៌មានតម្លៃ និងសេចក្តីពិស្តារបន្ថែម អំពីសាលាទីផ្សារកសិករ ឥឡូវនេះអាចរកបាននៅលើគេហទំព័រនេះ។