Khmer | EN

ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ក្រសួង​កសិកម្ម បានកំណត់យកពូជស្រូវចំនួនពីរប្រភេទដែលពេញនិយម


ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ក្រសួង​កសិកម្ម បានកំណត់យកពូជស្រូវចំនួនពីរប្រភេទ ដែលពេញនិយម​និងមាន​ទីផ្សារ​ល្អ ដើម្បីយកទៅផលិតជាពូជទុកលក់ក្នុងតម្លៃសមរម្យ​ជូនដល់ប្រជាកសិករក្នុង​ការដាំដុះ​នោះ​គឺពូជស្រូវសែនក្រអូប និងពូជស្រូវអូអឹម ៥៤-៥១ ។ ការលើកឡើងរបស់​ឯកឧត្ដម​រដ្ឋ​មន្រ្ដីនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា​» ដែល​រៀប​ចំ​ឡើង​ដោយអង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ នៅទីស្ដី​ការគណៈរដ្ឋមន្រ្ដី។

​ឯកឧត្ដម ឌិត ទីណា បានគូសបញ្ជាក់ថា ការងារផលិតពូជស្រូវនេះ​បានធ្វើ​ឡើង​ស្រប​តាមការណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន ហើយការងារនេះកំពុង មានវឌ្ឍនភាពដែលរំពឹងថានឹងអាចលក់ចែកជូនដល់ប្រជាកសិករយកទៅដាំដុះនៅពេលឆាប់ៗនេះ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងថា ការផលិតពូជស្រូវនេះកំពុងតែមាន​វឌ្ឍនភាព​ហើយថ្មីៗនេះថវិកា សម្រាប់ការផលិតពូជក៏ទទួលបានការឯកភាពពីសំណាក់ឯកឧត្ដមរដ្ឋ​មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរដើម្បីបន្តផលិតពូជស្រូវដែលមានវិញ្ញាបនបត្រ។

ឯកឧត្ដមបានថ្លែងបញ្ជាក់ថា ក្រោយពូជស្រូវនេះផលិតបាន​ក្រសួងកសិកម្ម នឹង​រៀបចំជាទស្សនទានមួយជាមួយសហព័ន្ធស្រូវអង្ករ ដែលជាអ្នកទិញស្រូវ​យកទៅកែច្នៃ ហើយប្រសិនបើកសិករចូលរួមជាមួយទស្សនទានថ្មីនេះ ពួកគាត់នឹងទទួលបានផល ចំណេញតាមរយៈការមានទីផ្សាររួចជាស្រេច មុនពេលដែលគាត់ដាំដុះទៅទៀត​។ ទន្ទឹម​នេះ ដោយ​កសិករបានដឹងថានៅពេលបានផលពួកគាត់ត្រូវលក់ឱ្យខាងណា ក្នុងតម្លៃណា និង ក្នុងកម្រិតបរិមាណប៉ុន្មានដែលមិនសល់ជៀសវាងការសល់ស្រូវ។ ឯកឧត្ដមរដ្ឋមន្រ្ដី​បាន​អះអាងថា នៅពេលដែលប្រជាកសិករប្រើប្រាស់នូវពូជស្រូវខ្លួនឯង​អាចមាននូវ​ភាព​មិនសុទ្ធ​ និងអាចមានទិន្នផលតិច ខណៈការប្រើប្រាស់ពូជដែលមាន ការបញ្ជាក់​ច្បាស់​លាស់គឺមានដំណុះខ្ពស់ និងទិន្នផលច្រើនដែលជាការបញ្ចុះថ្លៃដើមនៃការផលិត ។

ឯកឧត្ដម​រដ្ឋមន្រ្តីបានឱ្យដឹងទៀតថា ទស្សនទាន​របស់​ក្រសួង​កសិកម្ម ​គឺ​ត្រូវ​បែង​ចែក​ភោគ​ផល​ស្មើៗ​គ្នា​ទាំង​អ្នក​ទទួល​ទាន អ្នក​ផលិត​ និង​អ្នក​ចែកចាយ ហើយការ​ធានា​បាន​ស្ថិរភាព​ថ្លៃ ផលិតផល​​គឺដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ទាំង​អ្នក​ផលិត​និង​អ្នក​ទទួល​ទាន។ ជាមួយ​គ្នា​នេះដែរ ឯកឧត្ដមក៏​បាន​លើក​ឡើងពី​ទស្សនវិស័យ​លើ​ខ្សែ​ចង្វាក់ការ​​នាំ​ចេញ​​ផលិត​ផល​កសិកម្ម​កម្ពុជា​ដោយ​ជំរុញ​លើ​ការ​ផលិត​ផលិតផល​ណា​ដែល​មាន​គុណភាព​ខ្ពស់បង្កើន​តម្លៃ​​បន្ថែម​ច្រើន​ដល់​កសិករ។ ឯកឧត្ដមបានបញ្ជាក់បន្ថែមថា៖ «ការ​ផលិត​ទ្រង់ទ្រាយ​ធំ​មាន​​តម្លៃ​ថោកមិនមែន​សក្ដានុពល​របស់​កម្ពុជា​នោះ​ទេ។ដើម្បី​ប្រកួតប្រជែង​ប្រទេស​ផ្សេងៗ​ យើង​ត្រូវ​ជំរុញ​ផលិត​ផលិតផល​ជា​គន្លឹះ។ ខ្ញុំសូមលើក​យក​បទ​ពិសោធន៍​ជោគជ័យ​លើ​ម្រេច​​កំពត ​ដើម្បី​យក​ទៅ​អនុវត្ត​​ន៍លើ​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​ដែល​​កម្ពុជា​មាន​សក្ដា​នុ​ពល​​ធ្វើ​ការ​នាំ​ចេញ»​។

សូមរម្លឹកផងដែរថា កាលពីថ្ងៃទី ២៤ ខែ តុលា ២០២២ ក្នុងឱកាសចែកជូនអង្គរ និង​ស្រូវពូជជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបង សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រកវិធីសាស្ត្រ​និងរូប​មន្តណាមួយដែលសមស្របសម្រាប់ការផលិតពូជស្រូវក៏ដូចជាពូជដំណាំជាពិសេសផ្តោត លើការផលិតពូជស្រូវ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានមានប្រសាសន៍ថា៖ «យើង​សព្វ​ថ្ងៃនេះពេលដែលបញ្ចេញពូជអស់យើងទៅទិញពូជយកមក មិនប្រាកដថាពូជនោះ​វាសុទ្ធ​ទេ ។ អីចឹងយើងដកពិសោធន៍ពីមួយឆ្នាំទៅមួយឆ្នាំ …ចាំបាច់ត្រូវរៀបចំឱ្យ​មានការផលិត​ពូជ​ស្រូវដោយចាប់ផ្តើមពីគំនិតផ្តួចផ្តើមរបស់រដ្ឋដែលត្រូវការប្រមូលទិញផង ហើយអាច​នឹង​ប្រជាពលរដ្ឋរបស់យើងក៏ ទិញពូជស្រូវ ឬក៏យកស្រូវរបស់យើងទៅដូរជាមួយស្រូវពូជ​ដែលវាសុទ្ធ។ ប្រជាពលរដ្ឋរបស់យើងគាត់ផលិតស្រូវស្រាប់ ហើយយើងគ្រាន់តែ​ជ្រើស​រើសតំបន់ណាមួយដែលមានប្រភពទឹកគ្រប់គ្រាន់ហើយយើងដាក់ពូជដែលល្អសម្រាប់ឱ្យគាត់ផលិតពូជហ្នឹងឱ្យយើងតែម្តង »៕

​ Administrator​​ | ថ្ងៃ ព្រហស្បតី៏ ទី ០៥ ខែ មករា ឆ្នាំ ២០២៣