ថ្ងៃពុធ ០៦រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានទទួលស្វាគមន៍ក្រុមការងារក្រសួងបរិស្ថានដែលអញ្ជើញមកធ្វើបទបង្ហាញអំពីផែនការរបស់រាជរដ្ឋាភិបាលសម្រាប់បងប្អូនប្រជាពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅនៅភូមិធម្មជាតិរុនតាឯក និងឃុំពាក់ស្នែង ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្រៅពីការរៀបចំដីឡូត៍លំនៅដ្ឋានចំនួន១២ ០០០ឡូត៍ និងផែនការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ដើម្បីអភិវឌ្ឍតំបន់នេះឱ្យប្រែក្លាយជាទីក្រុង រាជរដ្ឋាភិបាលមានគម្រោងដាំឈើហូបផ្លែ ដំណាំបន្ទាប់បន្សំ និងសួនបន្លែ នៅតាមដីឡូត៍នីមួយៗ ដើម្បីជួយគាំទ្រជីវភាពគ្រួសារ ព្រមទាំងដាំឈើលម្អនៅសងខាងផ្លូវក្នុងតំបន់នេះជូនបងប្អូនប្រជាពលរដ្ឋផងដែរ។ ការងារនេះបានចាប់ផ្តើមជាបណ្តើរៗ និងគ្រោងបន្តអនុវត្តរហូតចប់សព្វគ្រប់នៅក្នុងឆមាសទី២ ឆ្នាំ២០២៣ខាងមុខ។
សម្រាប់គម្រោងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តល់ការគាំទ្រពេញលេញចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល និងត្រៀមលក្ខណ:រួចជាស្រេចដើម្បីចូលរួមសហការអនុវត្ត។ បន្ថែមពីនេះ ឯកឧត្តមបានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងល្អប្រសើរថែមទៀត ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តសៀមរាប ទៅតាមសមត្ថភាព និងលទ្ធភាពរបស់ក្រសួងស្ថាប័ននីមួយៗ សំដៅបន្តចូលរួមជំរុញការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។